
Integrity Legal
- Legal Blog
- Integrity Legal Home
- Thai Visa
- Company in Thailand
- Real Estate Thailand
- US Visa
- Contact Us
6th Dec 2017
ទិដ្ឋាការប្រភេទរៀបការសំរាប់ពលរដ្ឋកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក
Posted by : admin
Khmer language translation of video found here: ទិដ្ឋាការប្រភេទរៀបការសំរាប់ពលរដ្ឋកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក
សួស្ដី! ខ្ញុំឈ្មោះ Benjamin Hart ។ ខ្ញុំគឺជាមេធាវី និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនIntegrity Legal នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ។
នៅក្នុងវីដេអូថ្ងៃនេះ យើងនឹងពិភាក្សាអំពីទិដ្ឋាការប្រភេទរៀបការ ដោយផ្តោតទៅលើបរិបទនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។
ដូចដែលយើងបានលើកឡើងខាងលើ យើងស្ថិតនៅក្នុងទីក្រុងបាងកក ។ ខ្ញុំគឺជាមេធាវីជនជាតិអាមេរិកាំង ប៉ុន្តែក្រុមហ៊ុនរបស់យើងគឺស្ថិតនៅក្នុងទីក្រុងបាងកក ។ ការងាររបស់យើងជាច្រើនដែលពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក គឺកើតឡើងនៅជុំវិញទីក្រុងបាងកក និងការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិក ហើយជាពិសេស សំណុំរឿងរបស់យើង គឺនឹងត្រូវបញ្ចប់នៅក្នុងកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីនេះ ។ ជាមួយគ្នានេះ យើងក៏ទទួលយកសំណុំរឿងផ្សេងៗនៅក្នុងតំបន់ផងដែរ ។ ខ្ញុំបានរត់ការសំណុំរឿងផ្សេងៗទាំងនោះញឹកញាប់គួរសមដែរ ។ បើនិយាយអោយជាក់លាក់ទៅ កម្ពុជាគឺប្រទេសមួយដែលខ្ញុំបានធ្វើការជាមួយញឹកញាប់ជាងគេនៅក្នុងតំបន់នេះ ។ ខ្ញុំគិតថា វាអាស្រ័យទៅលើឆ្នាំផ្សេងគ្នា ។ ប៉ុន្តែយើងបានពិភាក្សាអំពី ទិដ្ឋាការប្រភេទ K-1 នៅក្នុងវីដេអូផ្សេងមួយទៀត ដែលជាទិដ្ឋាការប្រភេទគូដណ្ដឹង ។ នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាជាពិសេសអំពីទិដ្ឋាការប្រភេទរៀបការ ។ ដូច្នេះក្នុងពេលនេះ ខ្ញុំនឹងនិយាយអំពីទិដ្ឋាការប្រភេទ CR-1, IR-1 ឬ K-3 ។ មានវីដេអូមួយផ្សេងទៀតនៅក្នុងទំព័រនេះ ដែលនិយាយជាពិសេសអំពីទិដ្ឋាការប្រភេទ K-3 ហើយខ្ញុំនឹងទុកអោយវីដេអូនោះពិភាក្សាលំអិត ឬជាក់លាក់អំពីទិដ្ឋាការនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ទិដ្ឋាការប្រភេទ CR-1 និង IR-1 ដែលទិដ្ឋាការប្រភេទ CR-1 គឺប្រភេទអ្នករស់នៅជាអចិន្ត្រៃយ៍ដោយមានលក្ខខ័ណ្ឌ និង IR-1 ជាប្រភេទសាច់ញាតិផ្ទាល់ ហើយអ្នកដែលចូលទៅកាន់សហរដ្ឋអាមេរិកតាមទិដ្ឋាការប្រភេទ IR-1 គឺជាអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់ដោយមិនមានលក្ខខ័ណ្ឌ ដែលខុសពីអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់តែមានលក្ខខ័ណ្ឌ ។ និយាយជារួម គឺខ្ញុំនិយាយអំពីជនបរទេស ដែលបានរៀបការ ហើយខ្ញុំនិយាយជាពិសេសអំពីពលរដ្ឋខ្មែរ ដែលរៀបការជាមួយនឹងពលរដ្ឋអាមេរិក ។ ទោះបីជាការវិភាគនេះអាចយកទៅអនុវត្តបានចំពោះអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកដែលមានបំណងចង់យកប្ដីឬប្រពន្ធជនជាតិខ្មែររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែខ្ញុំនឹងព្យាយាមនិយាយតែអំពីពលរដ្ឋអាមេរិក ដែលមានបំណងចង់យកប្ដីឬប្រពន្ធជនជាតិខ្មែររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
ដូចនេះ អ្វីដែលត្រូវគិតពាក់ព័ន្ធនឹងពលរដ្ឋខ្មែរដែលចង់ដាក់ពាក្យសុំទិដ្ឋាការប្រភេទរៀបការដើម្បីទៅរស់នៅសហរដ្ឋអាមេរិក គឺថាវាគឺជាដំណើរការដែលមាន៣ផ្នែក ដែលអ្នកត្រូវតែចាប់ផ្ដើមដោយរត់ការដាក់ពាក្យនៅក្រសួងសន្តិសុខមាតុភូមិ និងភ្នាក់ងារសេវាអន្តោប្រវេសន៍ និងពលរដ្ឋអាមេរិក ។ បន្ទាប់មកទៀត អ្នកត្រូវពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលទិដ្ឋាការជាតិ ដែលនៅក្នុងបរិបទទិដ្ឋាការអន្តោប្រវេសន៍ប្រភេទប្ដីឬប្រពន្ធ មជ្ឈមណ្ឌលទិដ្ឋាការជាតិមានតួនាទីផ្សេងពីតួនាទីរបស់ខ្លួនពាក់ព័ន្ធនឹងទិដ្ឋាការប្រភេទ K គឺប្រភេទ K-1 និង K-3 ។ នៅក្នុងសំណុំរឿងសុំទិដ្ឋាការប្រភេទ K-1 និង K-3 ដែលក្នុងករណីទាំងនោះទិដ្ឋាការប្រភេទ K-3 ត្រូវបានសំរេចយល់ព្រម នោះមជ្ឈមណ្ឌលទិដ្ឋាការជាតិគ្រាន់តែដើរតួជាទីកន្លែងលាងសំអាតឯកសារ ឬកន្លែងបញ្ជូនឯកសារ ដើម្បីធានាអោយប្រាកដថាសំណុំរឿងនោះចាកចេញពីភ្នាក់ងារ USCIS ទៅកាន់ស្ថានទូតក្រៅប្រទេសដែលសមស្រប ។ ពាក់ព័ន្ធនឹងទិដ្ឋាការអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិក វិសាលភាពនៃការងាររបស់មជ្ឈមណ្ឌលទិដ្ឋាការជាតិគឺមានលក្ខណៈទូលំទូលាយ ។ ពួកគេធ្វើការប្រមូលឯកសារជាច្រើន ពួកគេនឹងទាក់ទងទៅអ្នកដាក់ពាក្យប្រសិនបើពួកគេមានអារម្មណ៍ថាខ្វះឯកសារណាមួយ ឬពួកគេមានអារម្មណ៍ថាត្រូវការពត៌មានចាំបាច់បន្ថែមទៀត ។ នៅក្នុងវីដេអូមួយផ្សេងទៀតនៅក្នុងទំព័រនេះយើងបានពិភាក្សាអំពីអ្វីដែលគេហៅថា និតិវិធីនៃការត្រួតពិនិត្យដ៏ខ្លាំងបំផុតរបស់រដ្ឋបាលប្រធានាធិបតី Trump ក្នុងពេលឥឡូវនេះ ។ ខ្ញុំមិនដឹងដែរ ហើយខ្ញុំក៏មិនទាន់បានឃើញការត្រួតពិនិត្យដ៏ខ្លាំងបំផុតណាមួយត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលទិដ្ឋាការជាតិនៅឡើយទេ ប៉ុន្តែខ្ញុំអាចមើលឃើញថានៅក្នុងពេលណាមួយនៅថ្ងៃអនាគត មជ្ឈមណ្ឌលទិដ្ឋាការជាតិនឹងអនុវត្តនិតិវិធីនៃការត្រួតពិនិត្យដ៏ខ្លាំងបំផុតនេះ ។ ទោះបីជាយ៉ាងណាក្ដី ពួកគេមានតួនាទីយ៉ាងសកម្មក្នុងសំណុំរឿងទិដ្ឋាការអន្តោប្រវេសន៍ ។ នៅពេលដែលមជ្ឈមណ្ឌលទិដ្ឋាការជាតិយល់ថាឯកសារមានគ្រប់គ្រាន់ហើយ ពួកគេនឹងបន្តដំណើរការសំណុំរឿងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ហើយថ្ងៃសំភាសនឹងត្រូវកំណត់នៅស្ថានទូត ។ នៅពេលសំភាស មានរឿងជាច្រើនដែលអាចកើតឡើង ដែលមានដូចជាអ្វីដែលគេហៅថាសំណើ 221-G ដើម្បីស្នើសុំអោយបេក្ខជនដាក់ឯកសារបន្ថែម ដែលមន្ត្រីដែលធ្វើការសំភាសចង់ឃើញពាក់ព័ន្ធនឹងករណីនោះ ។ ជាទូទៅ បន្ទាប់ពីមានការត្រួតពិនិត្យពីមជ្ឈមណ្ឌលទិដ្ឋាការជាតិហើយ ការស្នើសុំឯកសារបន្ថែមនេះមិនសូវជាមានញឹកញាប់ទេ ប៉ុន្តែវាអាចកើតឡើងបាន ។ ខ្ញុំមិនគួរនិយាយថាវាកំរកើតឡើងនោះទេ ។ នៅក្នុងករណីទិដ្ឋាការប្រភេទ K-1 វាអាចកើតឡើងជាញឹកញាប់ ដោយសារតែស្ថានភាពនីមួយៗគឺផ្សេងៗគ្នា ។ ទិដ្ឋាការប្រភេទរៀបការ ហាក់ដូចជាមានភាពច្បាស់លាស់ និងងាយយល់ ហើយខ្ញុំគិតថាវាជារឿងដែលត្រឹមត្រូវក្នុងការមើលទៅលើករណីនេះតាមបែបហ្នឹង ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺថា មជ្ឈមណ្ឌលទិដ្ឋាការជាតិនឹងកំណត់ថ្ងៃសំភាស ហើយកាលកំណត់នោះនឹងត្រូវបញ្ជូនទៅ កាន់ស្ថានទូតនៅរាជធានីភ្នំពេញ បន្ទាប់មកអ្នកត្រូវតែចូលសំភាស ។ ជារឿយៗ យើងធ្វើការត្រៀមសំភាសជាមួយអតិថិជនរបស់យើង ដើម្បីអោយពួកគេមានការយល់នូវអ្វីដែលមន្ត្រីកុងស៊ុល អាចនឹងចង់ដឹងពាក់ព័ន្ធនឹងពាក្យសុំ ឬពាក់ព័ន្ធនឹងចំណុចជាក់លាក់ណាមួយនៃអ្នកដែលដាក់ពាក្យសុំ ។ រឿងផ្សេងទៀតដែលយើងធ្វើគឺផ្ដល់នូវការយល់ដឹងខ្លះៗពាក់ព័ន្ធនឹងនិតិវិធីដែលសំណុំរឿងនឹងត្រូវដំណើរការនៅស្ថានទូត ។
ជារួម ខ្ញុំគិតថាវិធីមើលទៅលើដំណើរការទូទៅនៃការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកគឺដូចនេះ៖ វាចាប់ផ្ដើមនៅក្រសួងសន្តិសុខមាតុភូមិនៃសហរដ្ឋអាមេរិក ហើយបន្តទៅមជ្ឈមណ្ឌលទិដ្ឋាការជាតិដែលខុសពីទិដ្ឋាការប្រភេទ K មជ្ឈមណ្ឌលទិដ្ឋាការជាតិ មានតួនាទីយ៉ាងសកម្មក្នុងដំណើរការនេះ ហើយបន្ទាប់មកវានឹងត្រូវបញ្ជូនទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ។ នៅពេលនោះ ការសំភាសនឹងត្រូវធ្វើឡើង ហើយឯកសារបន្ថែមផ្សេងៗអាចនឹងត្រូវស្នើសុំ ដែលអ្នកនឹងត្រូវ រកឯកសារដើម្បីដាក់ជូនទៅកុងស៊ុលមុនពេលដែល ទិដ្ឋាការអាចនឹងត្រូវសំរេចយល់ព្រមចេញអោយអ្នកនៅចុងបញ្ចប់ ។
Tags: American Visa Cambodia, CR1 Visa, CR1 Visa Cambodia, Fiance Visa Cambodia, IR1 Visa, IR1 Visa Cambodia, K1 Visa, K1 Visa Cambodia, K3 Visa, K3 Visa Cambodia, US Visa Cambodia, USA Visa Cambodia
Leave a Reply
The hiring of a lawyer is an important decision that should not be based solely on advertisement. Before you decide, ask us to send you free written information about our qualifications and experience. The information presented on this site should not be construed to be formal legal advice nor the formation of a lawyer/client relationship.