
Integrity Legal
- Legal Blog
- Integrity Legal Home
- Thai Visa
- Company in Thailand
- Real Estate Thailand
- US Visa
- Contact Us
Archive for December, 2017
7th December 2017
ទិដ្ឋាការប្រភេទ K-1 ពីប្រទេសកម្ពុជា៖
Posted by : admin
Khmer language translation of the video found here: ទិដ្ឋាការប្រភេទ K-1 ពីប្រទេសកម្ពុជា៖
នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាអំពីទិដ្ឋាការប្រភេទ K-1 សំរាប់គូដណ្ដឹង ក្នុងបរិបទនៃការដំណើរការរបស់ការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។
សំរាប់អ្នកដែលបានចូលមកកាន់ទំព័ររបស់យើង ហើយបានឃើញវីដេអូមួយចំនួនរបស់យើងហើយ អ្នកប្រហែលជាដឹងហើយថាយើងមានទីតាំងនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ។ យើងធ្វើការដោះស្រាយជាចម្បងលើសំណុំរឿងអន្តោប្រវេសន៍ ។ ជាទូទៅគឺសំរាប់ជនជាតិថៃអាមេរិកាំង ហើយយើងធ្វើការរត់ការសំណុំរឿងជាច្រើនពាក់ព័ន្ធនឹងសំណុំរឿងអន្តោប្រវេសន៍សំរាប់គ្រួសារអាមេរិក ទិដ្ឋាការប្រភេទគូដណ្ដឹង ទិដ្ឋាការប្រភេទរៀបការ ។ល។
ដោយសារយើងមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក មិនមែនមានន័យថាយើងធ្វើការផ្ដាច់មុខលើរឿងអន្តោប្រវេសន៍អាមេរិកតែនៅក្នុងប្រទេសនេះ នោះទេ ។ វាគួរអោយចាប់អារម្មណ៍ដែរ ដែលមេធាវីអន្តោប្រវេសន៍ជាច្រើនដែលធ្វើការនៅសហរដ្ឋអាមេរិកហាក់ដូចជាធ្វើការជាមួយអតិថិជនចំរុះជាតិសាសន៍ ប៉ុន្តែផ្ទុយទៅវិញ យើងនៅទីក្រុងបាងកកនេះ ហាក់ដូចជាធ្វើការតែជាមួយជនជាតិថៃ ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ធ្លាប់បានធ្វើការជាមួយសំណុំរឿងមួយចំនួនដែរដែលពាក់ព័ន្ធនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដែរ ដោយសារតែប្រទេសនេះនៅជិតប្រទេសថៃ ។ សំរាប់អ្នកដោយចាប់អារម្មណ៍លើដំណើរការដោយមើលពីទិដ្ឋភាពទូទៅ ជាការល្អបំផុតគឺអ្នកគួរមើលទៅលើរឿងនេះជា២ដំណាក់កាល៖ ដំណាក់កាលមួយគឺពាក់ព័ន្ធនឹងក្រសួងសន្ដិសុខមាតុភូមិ ។ ស្ថាប័នអន្តោប្រវេសន៍ ហៅកាត់ថា USCIS ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសន្ដិសុខមាតុភូមិ នឹងចាប់ផ្ដើមដំបូងដោយធ្វើការសំរេចយល់ព្រមលើទំរង់បែបបទធានា I-129F ។ ពាក្យធានានេះ គឺជាចំនុចចាប់ផ្ដើមដំបូងនៃដំណើរការនេះ ។ អ្នកត្រូវដាក់ពាក្យធានា ហើយអ្នកត្រូវតែទទួលបានការសំរេចយល់ព្រមពី USCIS នៃក្រសួងសន្ដិសុខមាតុភូមិ មុនពេលដែលអ្នកអាចបន្តដំណើរការជាមួយនឹងទិដ្ឋាការប្រភេទ K-1 របស់អ្នក ។ បន្ទាប់ពីទទួលបានការសំរេចយល់ព្រមលើពាក្យធានារបស់អ្នកហើយ យើងនឹងនិយាយអំពីតំរូវការលំអិតពាក់ព័ន្ធនឹងពាក្យធានា ។ អ្វីដែលត្រូវកំណត់ចំណាំជាងគេបំផុតនោះ គឺដៃគូដែលដាក់ពាក្យធានាទាំងពីរនាក់ត្រូវតែនៅទំនេរនិងអាចរៀបការបានដោយស្របច្បាប់ នៅពេលដែលពាក្យធានាត្រូវបានដាក់ ។ លើសពីនេះទៅទៀត ភាគីទាំងពីរត្រូវធ្លាប់បានជួបគ្នាផ្ទាល់ក្នុងកំឡុងពេល២ឆ្នាំមុនពេលដែលពួកគេដាក់ពាក្យធានាសុំទិដ្ឋាការប្រភេទ K-1 ។ រឿងដែលសំខាន់ជាងគេដែលត្រូវចាំគឺ «អ្នកត្រូវតែនៅទំនេរនិងអាចរៀបការបានដោយស្របច្បាប់ ។ អ្នកមិនអាចស្ថិតនៅក្នុងស្ថានភាពកំពុងលែងលះនោះទេ ។ អ្នកត្រូវតែលែងលះរួចរាល់ហើយ ប្រសិនបើអ្នកមានប្ដីឬប្រពន្ធមុន ។ អ្នកត្រូវតែនៅទំនេរនិងអាចរៀបការបានដោយស្របច្បាប់ ហើយអ្វីដែលអ្នកត្រូវចងចាំ ដែរនោះគឺថា តំរូវការនេះអាចនឹងមាននៅក្នុងយុត្តាធិការនៃច្បាប់សាមញ្ញ ឬពេលខ្លះក៏មាននៅក្នុងយុត្តាធិការនៃច្បាប់រដ្ឋប្បវេណីផងដែរ ។ អ្នកមិនអាចស្ថិតនៅក្នុងស្ថានភាពមានប្ដីឬប្រពន្ធ នៅពេលដំណើរការទិដ្ឋាការប្រភេទ K-1 នោះទេ បើទោះបីជាអ្នកទាំងពីរជាប្ដីប្រពន្ធក៏ដោយ ។ អ្នកត្រូវរង់ចាំ និងស្ថិតនៅក្នងស្ថានភាពជាគូដណ្ដឹង រហូតដល់គូដណ្ដឹងបរទេសរបស់អ្នកដែលក្នុងសំណុំរឿងនេះ ជាជនជាតិខ្មែរ ចាកចេញពីរាជធានីភ្នំពេញ ទៅកាន់សហរដ្ឋអាមេរិក ហើយបន្ទាប់មកអ្នកនឹងមានរយៈពេល ៩០ថ្ងៃ ដើម្បីរៀបអាពាហ៍ពិពាហ៍ និងដាក់ពាក្យសុំផ្លាស់ប្ដូរស្ថានភាពអន្តោប្រវេសន៍ ។ ការផ្លាស់ប្ដូរស្ថានភាពអន្តោប្រវេសន៍ គឺជាដំណើរការមួយផ្សេងទៀត ។ វាកើតឡើងបន្ទាប់ពីការរៀបការនៅសហរដ្ឋអាមេរិក ។ មានវីដេអូមួយផ្សេងទៀតនៅក្នុងទំព័រនេះ ដែលពិភាក្សាជាពិសេសលើសេចក្ដីលំអិតនៃការផ្លាស់ប្ដូរស្ថានភាពអន្តោប្រវេសន៍ ។ យើងអាចនិយាយបានថា ជាមូលដ្ឋានវាគឺជាដំណើរការដែលគូដណ្ដឹងបរទេស ដែលបន្ទាប់មកនឹងក្លាយទៅប្តីឬប្រពន្ធ នឹងទទួលបានសិទ្ធិជាអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់ ឬដែលត្រូវបានគេស្គាល់ថាជាអ្នកកាន់ green card នៅសហរដ្ឋអាមេរិក ។ អញ្ចឹង វាគឺជារឿងដែលកើតឡើងចុងក្រោយនៃដំណើរការនេះ ។ ត្រឡប់មកនិយាយពីសំណុំបែបបទធានាវិញ ដៃគូត្រូវតែបានជួបគ្នាផ្ទាល់ក្នុងកំឡុងពេល២ឆ្នាំមុនការដាក់ពាក្យ ត្រូវតែនៅទំនេរ និងអាចរៀបការបានដោយស្របច្បាប់ ។ មានពត៌មានលំអិតជាច្រើនទៀតដែលពាក់ព័ន្ធនឹងរឿងនេះ ដែលខ្ញុំនឹងមិនពិភាក្សាស៊ីជម្រៅពេកទេ ។ សន្មត់ថា ស្ថាប័ន USCIS DHS បានធ្វើការសំរេចយល់ព្រមលើពាក្យធានា ។ សំណុំរឿងនេះនឹងត្រូវបញ្ជូនយ៉ាងលឿនទៅកាន់មជ្ឍមណ្ឌលទិដ្ឋាការជាតិ ដែលដើរតួដូចជាកន្លែងលាងសំអាតឯកសារ ឬទីតាំងសំរាប់បញ្ជូនឯកសារ ដើម្បីបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលក្រៅប្រទេសដែលសមស្រប ហើយនៅក្នុងសំណុំរឿងនេះគឺកម្ពុជា ។ សំណុំរឿងនឹងត្រូវបញ្ជូនទៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយនៅពេលនោះ អ្នកត្រូវធ្វើការរត់ការតាមដំណើរការជាក់លាក់របស់ផ្នែកទិដ្ឋាការនៃការិយាល័យកុងស៊ុលរបស់ស្ថានទូតនៅទីនោះ ។
ទិដ្ឋាការប្រភេទ K-1 មានលក្ខណៈគួរអោយចាប់អារម្មណ៍ ដោយសារវាត្រូវបានគេចាត់ទុកថាជាប្រភេទទិដ្ឋាការដែលមានគោលបំណងពីរ ។ បើយើងនិយាយតាមច្បាប់ វាស្ថិតនៅក្នុងប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ប៉ុន្តែចំពោះការដំណើរការនៅក្នុងកុងស៊ុល និងដំណើរការនៃដាក់ពាក្យ វាត្រូវបានគេគិតថាមានបំណងដើម្បីទទួលបានទិដ្ឋាការអន្តោប្រវេសន៍ ដូចជាទិដ្ឋាការប្រភេទប្តីប្រពន្ធ ឬ CR-1 ឬ IR-1 ដែរ ប៉ុន្តែលើកលែងតែទិដ្ឋាការប្រភេទ K-3 ។ ដូច្នេះ ជាសរុបរួមនៅក្នុងវីដេអូនេះ ដំណើរការនៃការដាក់ពាក្យសុំយកគូដណ្ដឹងជនជាតិខ្មែរទៅកាន់សហរដ្ឋអាមេរិក ចាប់ផ្ដើមពីសហរដ្ឋអាមេរិក ដំណើរការតាមរយៈភ្នាក់ងារមួយចំនួននៅទីនោះ មុនពេលបញ្ជូនទៅដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ។ បន្ទាប់មកទៀត មានឯកសារជាច្រើនដែលពាក់នឹងដំណើរការរួម និងឯកសារមួយចំនួនដែលត្រូវបកប្រែពីភាសាខ្មែរ ទៅអង់គ្លេស ។ សំរាប់សេវាកម្មរបស់យើងខ្ញុំ យើងអាចធ្វើការបកប្រែឯកសារទាំងនោះបាន ដែលវាគឺជាផ្នែកដ៏សំខាន់មួយនៃអ្វីយើងត្រូវធ្វើការរត់ការជាធម្មតា ។ ជារឿយៗ ខ្ញុំត្រូវទៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណុំរឿងជាមួយអតិថិជន ហើយពេលខ្លះអាចនឹងត្រូវការការបកប្រែដែរ ។ ប៉ុន្តែនិយាយជារួមទៅ បើយើងមើលទៅលើលក្ខណៈទូទៅនៃដំណើរការនៃការដាក់ពាក្យនេះ ហើយនិងអ្វីដែលយើងអាចជួយបានប្រសិនបើចាំបាច់ គឺថាវាត្រូវចាប់ផ្ដើមចេញពីសហរដ្ឋអាមេរិក ហើយនិងមកស្ថានទូតជាចុងក្រោយ ។ ខ្ញុំគិតថាវាអាចនឹងទាមទារពេលប្រហែលជា ៨ ឬ ៩ខែជាមធ្យម សំរាប់ដំណើរការទាំងអស់ដើម្បីទទួលបានទិដ្ឋាការប្រភេទ K-1 ។ វាអាចដំណើរការលឿន ឬយឺតជាងនេះ ។ អ្វីដែលត្រូវចាំពាក់ព័ន្ធនឹងពាក្យសុំទិដ្ឋាការទៅសហរដ្ឋអាមេរិក គឺថាវាដូចជាដុំព្រិលអញ្ចឹង ដុំនីមួយៗមានលក្ខណៈពិសេសខុសៗគ្នា ហើយអ្នកអាចនឹងឃើញថាសំណុំរឿងមួយអាចនឹងដំណើរការយ៉ាងលឿនដោយនឹកស្មានមិនដល់ ។ យើងធ្លាប់រត់ការសំណុំរឿងមួយដែលដំណើរការយ៉ាងលឿន បើប្រៀបធៀបទៅនឹងសំណុំរឿងផ្សេងៗទៀតជាមធ្យម ហើយខ្ញុំគិតថានេះគឺដោយសារតែវាទៅកាន់ចំទីកន្លែង និងពេលវេលាដែលត្រូវជាទីបំផុត ដែលធ្វើអោយវាដំណើរការលឿន ខណៈពេលដែលសំណុំរឿងខ្លះដំណើរការយឺត ។ សំណុំរឿងនីមួយៗមានលក្ខណៈខុសៗគ្នាទៅតាមសំណុំរឿង និងស្ថានភាពផ្សេងៗគ្នា ប៉ុន្តែដូចអ្វីដែលយើងបាននិយាយ ទិដ្ឋាការប្រភេទ K-1 សំរាប់ពលរដ្ឋខ្មែរ គឺត្រូវចាប់ផ្ដើមចេញពីសហរដ្ឋអាមេរិក ហើយវានឹងត្រូវមកបញ្ចប់នៅក្នុងប្រទេសកម្ពុជា ។ បន្ទាប់ពីពលរដ្ឋខ្មែរនោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយរៀបការជាមួយគូដណ្ដឹងដែលមានសញ្ជាតិអាមេរិករបស់គេហើយ ពួកគេអាចដាក់ពាក្យសុំផ្លាស់ប្ដូរស្ថានភាពអន្តោប្រវេសន៍ និងទទួលបានប័ណ្ណ Green Card នៅក្នុងសហរដ្ឋអាមេរិក ។
7th December 2017
ទិដ្ឋាការប្រភេទ K-3 ពីប្រទេសកម្ពុជា
Posted by : admin
Khmer language translation of the video found here: ទិដ្ឋាការប្រភេទ K-3 ពីប្រទេសកម្ពុជា
សួស្ដី! ខ្ញុំឈ្មោះ Benjamin Hart ។ ខ្ញុំគឺជាមេធាវី និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនIntegrity Legal នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ។
នៅក្នុងវីដេអូថ្ងៃនេះ យើងនឹងពិភាក្សាជាពិសេសអំពីទិដ្ឋាការមួយគឺ ទិដ្ឋាការប្រភេទ K-3 ដែលជាប្រភេទទិដ្ឋាការដ៏គួរអោយចាប់អារម្មណ៍មួយ ដោយផ្តោតទៅលើបរិបទប្រទេសកម្ពុជា សំរាប់ប្រជាពលរដ្ឋខ្មែរដែលចង់ដាក់ពាក្យរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាពលរដ្ឋអាមរិក ។ និយាយអោយចំទៅ គឺអ្នកដែលត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាពលរដ្ឋអាមេរិក ដើម្បីដាក់ពាក្យសុំទិដ្ឋាការប្រភេទ K-3 ។
ដូចដែលយើងបានលើកឡើងខាងលើ យើងស្ថិតនៅក្នុងទីក្រុងបាងកក ។ យើងបានរត់ការសំណុំរឿងរបស់ប្រជាពលរដ្ឋថៃជាច្រើន ហើយដោយសារតែយើងក៏ស្ថិតនៅជិតប្រទេសកម្ពុជា ដែរនោះ ជាច្រើនឆ្នាំកន្លងមកនេះយើងក៏បានរត់ការអោយសំណុំរឿងជាច្រើនរបស់ប្រជាពលរដ្ឋខ្មែរ ឬសំណុំរឿងផ្សេងៗទៀតដែលមានពាក់ព័ន្ធនឹងជនជាតិខ្មែរ ។ ដូច្នេះយើងចង់បញ្ជាក់ថា ទិដ្ឋាការប្រភេទ K-3 នេះជាទិដ្ឋាការមួយដ៏គួរអោយចាប់អារម្មណ៍ ។
យើងសូមពន្យល់រៀបរាប់បន្តិចថាតើអ្វីជាទិដ្ឋាការប្រភេទ K-3 ។ ទិដ្ឋាការប្រភេទ K-3 ត្រូវបានបង្កើតឡើងដោយយោងតាមប្រការមួយចំនួននៅក្នុងច្បាប់អាយុជីវិត ដែលត្រូវបានបង្កើតឡើងនៅក្នុងអណត្តិរបស់ប្រធានាធិបតី Clinton នៅពេលដែលមានសំណុំរឿងជាច្រើនដែលបានកកស្ទះ ពាក់ព័ន្ធនឹងប្រភេទទិដ្ឋាការប្ដីប្រពន្ធ គឺ CR-1 និង IR-1 ហើយនៅក្នុងទំព័ររបស់យើងនេះ ក៏មានវីដេអូមួយទៀតដែរ ដែលនិយាយផ្ដោតជាពិសេសទៅលើប្រភេទទិដ្ឋាការ CR-1 និង IR-1 នេះនៅក្នុងប្រទេសកម្ពុជា ។ នៅពេលនោះ ជាធម្មតាវាទាមទាររយៈពេលជាច្រើនឆ្នាំដើម្បីបញ្ចប់សំណុំរឿងមួយ ។ ក្រសួងមាតុភូមិ ធ្វើការសំរេចលើពាក្យធានាសំរាប់ទិដ្ឋាការប្រភេទរៀបអាពាហ៍ពិពាហ៍ ។ ក្នុងពេលជាមួយគ្នានោះដែរ វាទាមទារពេលប្រហែល ៦, ៧ ឬ៨ខែ ដើម្បីទទួលបានការសំរេចយល់ព្រមលើសំណុំបែបបទធានាសុំទិដ្ឋាការប្រភេទគូដណ្ដឹង ។ ដូច្នេះជាចុងក្រោយ អ្វីដែលគេជួបច្រើន គឺស្ថានភាពដែលសំណុំរឿងគូដណ្ដឹងត្រូវបានដំណើរការលឿនជាងប្ដីប្រពន្ធ ហើយយើងសូមបញ្ជាក់ផងដែរថាតាមផ្លូវច្បាប់ ជាពិសេសច្បាប់អន្តោប្រវេសន៍ មិនមានភាពខុសគ្នានោះទេរវាងប្ដីប្រពន្ធ និងគូដណ្ដឹង ដោយតាមផ្លូវច្បាប់សំណុំរឿងទាំងពីរនេះត្រូវបានចាត់ទុកថាដូចគ្នា ។ បើគិតតាមផ្លូវរដ្ឋបាលវិញ មានការកកស្ទះសំណុំរឿងទិដ្ឋាការ ឬសំណុំពាក្យធានាប្រភេទរៀបអាពាហ៍ពិពាហ៍ជាច្រើន ។ ខ្ញុំមិនដឹងថាវាមកពីហេតុអ្វីដែរនោះទេ ប្រហែលជាអាចបណ្ដាលមកពីពួកគេដំណើរការទិដ្ឋាការប្រភេទ K-1បានយ៉ាងមានប្រសិទ្ធិភាពជាង ឬមកពីមានសំណុំរឿងទិដ្ឋាការប្រភេទ K-1មានចំនួនតិច ប៉ុន្តែនៅពេលនោះវាទាមទារពេលជាច្រើនឆ្នាំដើម្បីទទួលបានការដំណើរការពាក្យសុំធានាសំរាប់ការរៀបការជាមួយពលរដ្ឋអាមេរិក ដោយក្នុងខណៈពេលជាមួយគ្នានោះ វាទាមទារពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះសំរាប់សំណុំរឿងគូដណ្ដឹង ។ ដូច្នេះហើយ ទើបពួកគេបានបង្កើតទិដ្ឋាការប្រភេទ K-3 ដោយនិយាយថា «ប្រសិនបើអ្នកបានដាក់ពាក្យធានាប្ដីឬប្រពន្ធរបស់អ្នកតាមប្រភេទទិដ្ឋាការ CR-1 ឬ IR-1ជាធម្មតាហើយ អ្នកអាចដាក់ពាក្យមួយទៀត ដោយសុំទិដ្ឋាការប្រភេទ K-3 វិញ» ។ អ្នកគ្រាន់តែដាក់ពាក្យម្តងទៀតតាមទិដ្ឋាការប្រភេទ K ។ នោះហើយគឺជាអ្វីដែលពួកគេបានធ្វើ ។ ពួកគេគ្រាន់តែទាញយកសំណុំរឿងទិដ្ឋាការរៀបការទាំងនេះហើយនិយាយថា អូខេ សំណុំរឿងនេះត្រូវបានដាក់ពាក្យហើយ អ្នកត្រូវបញ្ជាក់ថាពាក្យធានារបស់អ្នកត្រូវបានដាក់តាមដំណើរការដូចដែលគេធ្វើសំរាប់គូដណ្ដឹង ។ ជាលទ្ធផល K-3 គឺជាពាក្យដែលត្រូវបានគេប្រើសំរាប់ទិដ្ឋាការប្រភេទរៀបការជាមួយពលរដ្ឋអាមេរិក ប៉ុន្តែតាមពិត វិធីតាមទំលាប់ដែលគេត្រូវធ្វើដើម្បីនាំអ្នកណាម្នាក់មកកាន់សហរដ្ឋអាមេរិកគឺតាមរយៈទិដ្ឋាការប្រភេទ CR-1 ឬ IR-1 ។ ទិដ្ឋាការប្រភេទ K-3 ត្រូវបានគេប្រើជាទូទៅនៅក្នុងសំណុំរឿងនេះ ពីព្រោះមនុស្សទូទៅស៊ាំនឹងការរត់ការប្រភេទ K-3 ដោយសារតែវាគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការនាំយកប្ដីឬប្រពន្ធមកកាន់សហរដ្ឋអាមេរិក ។ វាជារឿងមួយដ៏គួរអោយចាប់អារម្មណ៍ដែរ ដោយសារតែ ទិដ្ឋាការប្រភេទ K-3 នៅតែតំរូវអោយមានការផ្លាស់ប្តូរស្ថានភាពអន្តោប្រវេសន៍របស់អ្នកទៅជាអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់ ។ សំរាប់អ្នកដែលចង់ដឹងអំពីដំណើរការក្នុងការផ្លាស់ប្ដូរស្ថានភាពអន្តោប្រវេសន៍ សូមចូលទៅមើលវីដេអូនៅក្នុងទំព័រនេះផងដែរដែលពិភាក្សាជាពិសេសអំពីដំណើរការនៃការផ្លាស់ប្ដូរនេះ ប៉ុន្តែអ្វីដែលយើងនឹងពិភាក្សានៅថ្ងៃនេះគឺ ទិដ្ឋាការប្រភេទ K-3 ។ ទោះបីជាទិដ្ឋាការប្រភេទនេះអាចនឹងមានប្រយោជន៍នៅក្នុងលក្ខខណ្ឌសព្វថ្ងៃនេះ ក៏ប៉ុន្តែកាលពីមុនគឺមានបទបញ្ជារដ្ឋបាល ដែលជាគោលនយោបាយបិទតាមបែបរដ្ឋបាល ដែលត្រូវបានអនុវត្តដោយមជ្ឈមណ្ឌលទិដ្ឋាការជាតិ ដែលជាធម្មតានិយាយថា «ឥឡូវមើល ទិដ្ឋាការប្រភេទ K-3 ត្រូវបានបង្កើតឡើងសំរាប់ស្ថានភាពដែលទិដ្ឋាការប្រភេទរៀបការឬទិដ្ឋាការប្រភេទអន្តោប្រវេសន៍ ត្រូវបានបាត់នៅក្នុងគំនរឯកសារកកស្ទះរបស់ស្ថាប័ន USCIS ។ តាមពិតទៅ វាមិនមែនបាត់នោះទេ ប៉ុន្តែគឺវាជាប់ នៅក្នុងគំនរឯកសារកកស្ទះរបស់ស្ថាប័ន USCIS ។ ដូច្នេះហើយ ប្រសិនបើយើងទទួលបានពាក្យធានាសំរាប់ទិដ្ឋាការប្រភេទ K-3 មុន យើងនឹងដំណើរការទិដ្ឋាការនេះមុន ប៉ុន្តែប្រសិនបើយើងទទួលបានពាក្យធានាសំរាប់ទិដ្ឋាការប្រភេទអន្តោប្រវេសន៍សំរាប់ប្តីប្រពន្ធមុន យើងនឹងដំណើរការទិដ្ឋាការនេះមុន ហើយយើងនឹងទុកពាក្យសុំទិដ្ឋាការប្រភេទ K-3ជាមោឃៈ» ។ នេះជារឿងដ៏សំខាន់ ពីព្រោះតួនាទីរបស់មជ្ឈមណ្ឌលទិដ្ឋាការជាតិក្នុងដំណើរការទិដ្ឋាការអន្តោប្រវេសន៍ មានលក្ខណៈខុសពីទិដ្ឋាការប្រភេទ K ។ សំរាប់ទិដ្ឋាការប្រភេទ K មជ្ឈមណ្ឌលទិដ្ឋាការជាតិ គ្រាន់តែផ្ញើឯកសារសំណុំរឿងនោះទៅកាន់ស្ថានទូតដែលពាក់ព័ន្ធ ហើយស្ថានទូតនឹងដំណើរការសំណុំរឿងនោះតាមដំណើរការរបស់ស្ថានកុងស៊ុល ។ ចំណែកឯក្នុងសំណុំរឿងទិដ្ឋាការប្រភេទអន្តោប្រវេសន៍វិញ ដំណើរការរបស់មជ្ឈមណ្ឌលទិដ្ឋាការជាតិមានសភាពយឺតយ៉ាវ ព្រោះមជ្ឈមណ្ឌលទិដ្ឋាការជាតិត្រូវធ្វើការទទួលយកឯកសារនិងបញ្ចូលពត៌មាន ហើយខ្ញុំមិននិយាយថាមជ្ឈមណ្ឌលនេះធ្វើការសំរេចចេញទិដ្ឋាការនោះទេ ប៉ុន្តែពួកគេធ្វើការត្រួតពិនិត្យដោយល្អិតល្អន់ ដើម្បីធានាអោយប្រាកដថា ពួកគេមានពត៌មានគ្រប់គ្រាន់ដើម្បីបន្តដំណើរការ និងដាក់ថ្ងៃណាត់សំភាស ។ ដូច្នេះប្រសិនបើអ្នកអាចដាក់ពាក្យសុំទិដ្ឋាការប្រភេទ K-3 ហើយត្រូវបានគេសំរេចយល់ព្រមលើពាក្យសុំ នោះទិដ្ឋាការប្រភេទ K-3 នេះនៅតែដំណើរការលឿនជាងទិដ្ឋាការប្រភេទអន្តោប្រវេសន៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែយល់ថា មជ្ឈមណ្ឌលទិដ្ឋាការជាតិនៅតែរក្សាគោលនយោបាយបិទតាមបែបរដ្ឋបាល ដែលពួកគេត្រូវដំណើរការសំណុំរឿងអន្តោប្រវេសន៍មុន ។ ឥឡូវនេះ ការដំណើរការសំណុំរឿងអន្តោប្រវេសន៍ជាពិសេសគឺសំណុំរឿងប្ដីឬប្រពន្ធរបស់ពលរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយយ៉ាងច្រើន ។ ស្ថាប័ន USCIS បានចាត់វិធានការសំខាន់ៗជាច្រើនដើម្បីធ្វើអោយនិតិវិធីរបស់ពួកគេកាន់តែមានប្រសិទ្ធិភាព ហើយពួកគេបានធ្វើវាអោយកាន់តែមានប្រសិទ្ធិភាពឡើង ។ ខ្ញុំគិតថាពួកគេមានបុគ្គលិកច្រើនជាងមុន ហើយក៏មានរឿងច្រើនដែរដែលត្រូវដោះស្រាយពាក់ព័ន្ធនឹងសំណុំរឿងទាំងនោះ ហើយពួកគេក៏មានធនធានជាច្រើនដែរដើម្បីអោយសំណុំរឿងទាំងអស់នោះបានដំណើរការទៅមុខ ដែលជាលទ្ធផល គឺខ្ញុំមិននិយាយថាទិដ្ឋាការប្រភេទ K-3 ផុតសម័យលែងត្រូវបានគេប្រើប្រាស់នោះទេ ប៉ុន្តែគឺវាលែងសូវចាំបាច់ក្នុងការប្រើប្រាស់ដូចកាលពីពេលដែលវាត្រូវបានបង្កើតពីដំបូងនោះទេ ។ ដោយសារមូលហេតុនេះហើយ ទើបខ្ញុំគិតថាអ្នកអាចនឹងឃើញសំណុំរឿងទិដ្ឋាការប្រភេទK-3 កាន់តែតិចទៅៗដែលនឹងត្រូវដំណើរការនៅក្នុងប្រទេសកម្ពុជា ឬប្រទេសផ្សេងៗទៀត ។
6th December 2017
ទិដ្ឋាការប្រភេទរៀបការសំរាប់ពលរដ្ឋកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក
Posted by : admin
Khmer language translation of video found here: ទិដ្ឋាការប្រភេទរៀបការសំរាប់ពលរដ្ឋកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក
សួស្ដី! ខ្ញុំឈ្មោះ Benjamin Hart ។ ខ្ញុំគឺជាមេធាវី និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនIntegrity Legal នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ។
នៅក្នុងវីដេអូថ្ងៃនេះ យើងនឹងពិភាក្សាអំពីទិដ្ឋាការប្រភេទរៀបការ ដោយផ្តោតទៅលើបរិបទនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។
ដូចដែលយើងបានលើកឡើងខាងលើ យើងស្ថិតនៅក្នុងទីក្រុងបាងកក ។ ខ្ញុំគឺជាមេធាវីជនជាតិអាមេរិកាំង ប៉ុន្តែក្រុមហ៊ុនរបស់យើងគឺស្ថិតនៅក្នុងទីក្រុងបាងកក ។ ការងាររបស់យើងជាច្រើនដែលពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក គឺកើតឡើងនៅជុំវិញទីក្រុងបាងកក និងការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិក ហើយជាពិសេស សំណុំរឿងរបស់យើង គឺនឹងត្រូវបញ្ចប់នៅក្នុងកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីនេះ ។ ជាមួយគ្នានេះ យើងក៏ទទួលយកសំណុំរឿងផ្សេងៗនៅក្នុងតំបន់ផងដែរ ។ ខ្ញុំបានរត់ការសំណុំរឿងផ្សេងៗទាំងនោះញឹកញាប់គួរសមដែរ ។ បើនិយាយអោយជាក់លាក់ទៅ កម្ពុជាគឺប្រទេសមួយដែលខ្ញុំបានធ្វើការជាមួយញឹកញាប់ជាងគេនៅក្នុងតំបន់នេះ ។ ខ្ញុំគិតថា វាអាស្រ័យទៅលើឆ្នាំផ្សេងគ្នា ។ ប៉ុន្តែយើងបានពិភាក្សាអំពី ទិដ្ឋាការប្រភេទ K-1 នៅក្នុងវីដេអូផ្សេងមួយទៀត ដែលជាទិដ្ឋាការប្រភេទគូដណ្ដឹង ។ នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាជាពិសេសអំពីទិដ្ឋាការប្រភេទរៀបការ ។ ដូច្នេះក្នុងពេលនេះ ខ្ញុំនឹងនិយាយអំពីទិដ្ឋាការប្រភេទ CR-1, IR-1 ឬ K-3 ។ មានវីដេអូមួយផ្សេងទៀតនៅក្នុងទំព័រនេះ ដែលនិយាយជាពិសេសអំពីទិដ្ឋាការប្រភេទ K-3 ហើយខ្ញុំនឹងទុកអោយវីដេអូនោះពិភាក្សាលំអិត ឬជាក់លាក់អំពីទិដ្ឋាការនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ទិដ្ឋាការប្រភេទ CR-1 និង IR-1 ដែលទិដ្ឋាការប្រភេទ CR-1 គឺប្រភេទអ្នករស់នៅជាអចិន្ត្រៃយ៍ដោយមានលក្ខខ័ណ្ឌ និង IR-1 ជាប្រភេទសាច់ញាតិផ្ទាល់ ហើយអ្នកដែលចូលទៅកាន់សហរដ្ឋអាមេរិកតាមទិដ្ឋាការប្រភេទ IR-1 គឺជាអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់ដោយមិនមានលក្ខខ័ណ្ឌ ដែលខុសពីអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់តែមានលក្ខខ័ណ្ឌ ។ និយាយជារួម គឺខ្ញុំនិយាយអំពីជនបរទេស ដែលបានរៀបការ ហើយខ្ញុំនិយាយជាពិសេសអំពីពលរដ្ឋខ្មែរ ដែលរៀបការជាមួយនឹងពលរដ្ឋអាមេរិក ។ ទោះបីជាការវិភាគនេះអាចយកទៅអនុវត្តបានចំពោះអ្នករស់នៅជាអចិន្ត្រៃយ៍ដោយស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកដែលមានបំណងចង់យកប្ដីឬប្រពន្ធជនជាតិខ្មែររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែខ្ញុំនឹងព្យាយាមនិយាយតែអំពីពលរដ្ឋអាមេរិក ដែលមានបំណងចង់យកប្ដីឬប្រពន្ធជនជាតិខ្មែររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
ដូចនេះ អ្វីដែលត្រូវគិតពាក់ព័ន្ធនឹងពលរដ្ឋខ្មែរដែលចង់ដាក់ពាក្យសុំទិដ្ឋាការប្រភេទរៀបការដើម្បីទៅរស់នៅសហរដ្ឋអាមេរិក គឺថាវាគឺជាដំណើរការដែលមាន៣ផ្នែក ដែលអ្នកត្រូវតែចាប់ផ្ដើមដោយរត់ការដាក់ពាក្យនៅក្រសួងសន្តិសុខមាតុភូមិ និងភ្នាក់ងារសេវាអន្តោប្រវេសន៍ និងពលរដ្ឋអាមេរិក ។ បន្ទាប់មកទៀត អ្នកត្រូវពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលទិដ្ឋាការជាតិ ដែលនៅក្នុងបរិបទទិដ្ឋាការអន្តោប្រវេសន៍ប្រភេទប្ដីឬប្រពន្ធ មជ្ឈមណ្ឌលទិដ្ឋាការជាតិមានតួនាទីផ្សេងពីតួនាទីរបស់ខ្លួនពាក់ព័ន្ធនឹងទិដ្ឋាការប្រភេទ K គឺប្រភេទ K-1 និង K-3 ។ នៅក្នុងសំណុំរឿងសុំទិដ្ឋាការប្រភេទ K-1 និង K-3 ដែលក្នុងករណីទាំងនោះទិដ្ឋាការប្រភេទ K-3 ត្រូវបានសំរេចយល់ព្រម នោះមជ្ឈមណ្ឌលទិដ្ឋាការជាតិគ្រាន់តែដើរតួជាទីកន្លែងលាងសំអាតឯកសារ ឬកន្លែងបញ្ជូនឯកសារ ដើម្បីធានាអោយប្រាកដថាសំណុំរឿងនោះចាកចេញពីភ្នាក់ងារ USCIS ទៅកាន់ស្ថានទូតក្រៅប្រទេសដែលសមស្រប ។ ពាក់ព័ន្ធនឹងទិដ្ឋាការអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិក វិសាលភាពនៃការងាររបស់មជ្ឈមណ្ឌលទិដ្ឋាការជាតិគឺមានលក្ខណៈទូលំទូលាយ ។ ពួកគេធ្វើការប្រមូលឯកសារជាច្រើន ពួកគេនឹងទាក់ទងទៅអ្នកដាក់ពាក្យប្រសិនបើពួកគេមានអារម្មណ៍ថាខ្វះឯកសារណាមួយ ឬពួកគេមានអារម្មណ៍ថាត្រូវការពត៌មានចាំបាច់បន្ថែមទៀត ។ នៅក្នុងវីដេអូមួយផ្សេងទៀតនៅក្នុងទំព័រនេះយើងបានពិភាក្សាអំពីអ្វីដែលគេហៅថា និតិវិធីនៃការត្រួតពិនិត្យដ៏ខ្លាំងបំផុតរបស់រដ្ឋបាលប្រធានាធិបតី Trump ក្នុងពេលឥឡូវនេះ ។ ខ្ញុំមិនដឹងដែរ ហើយខ្ញុំក៏មិនទាន់បានឃើញការត្រួតពិនិត្យដ៏ខ្លាំងបំផុតណាមួយត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលទិដ្ឋាការជាតិនៅឡើយទេ ប៉ុន្តែខ្ញុំអាចមើលឃើញថានៅក្នុងពេលណាមួយនៅថ្ងៃអនាគត មជ្ឈមណ្ឌលទិដ្ឋាការជាតិនឹងអនុវត្តនិតិវិធីនៃការត្រួតពិនិត្យដ៏ខ្លាំងបំផុតនេះ ។ ទោះបីជាយ៉ាងណាក្ដី ពួកគេមានតួនាទីយ៉ាងសកម្មក្នុងសំណុំរឿងទិដ្ឋាការអន្តោប្រវេសន៍ ។ នៅពេលដែលមជ្ឈមណ្ឌលទិដ្ឋាការជាតិយល់ថាឯកសារមានគ្រប់គ្រាន់ហើយ ពួកគេនឹងបន្តដំណើរការសំណុំរឿងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ហើយថ្ងៃសំភាសនឹងត្រូវកំណត់នៅស្ថានទូត ។ នៅពេលសំភាស មានរឿងជាច្រើនដែលអាចកើតឡើង ដែលមានដូចជាអ្វីដែលគេហៅថាសំណើ 221-G ដើម្បីស្នើសុំអោយបេក្ខជនដាក់ឯកសារបន្ថែម ដែលមន្ត្រីដែលធ្វើការសំភាសចង់ឃើញពាក់ព័ន្ធនឹងករណីនោះ ។ ជាទូទៅ បន្ទាប់ពីមានការត្រួតពិនិត្យពីមជ្ឈមណ្ឌលទិដ្ឋាការជាតិហើយ ការស្នើសុំឯកសារបន្ថែមនេះមិនសូវជាមានញឹកញាប់ទេ ប៉ុន្តែវាអាចកើតឡើងបាន ។ ខ្ញុំមិនគួរនិយាយថាវាកំរកើតឡើងនោះទេ ។ នៅក្នុងករណីទិដ្ឋាការប្រភេទ K-1 វាអាចកើតឡើងជាញឹកញាប់ ដោយសារតែស្ថានភាពនីមួយៗគឺផ្សេងៗគ្នា ។ ទិដ្ឋាការប្រភេទរៀបការ ហាក់ដូចជាមានភាពច្បាស់លាស់ និងងាយយល់ ហើយខ្ញុំគិតថាវាជារឿងដែលត្រឹមត្រូវក្នុងការមើលទៅលើករណីនេះតាមបែបហ្នឹង ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺថា មជ្ឈមណ្ឌលទិដ្ឋាការជាតិនឹងកំណត់ថ្ងៃសំភាស ហើយកាលកំណត់នោះនឹងត្រូវបញ្ជូនទៅ កាន់ស្ថានទូតនៅរាជធានីភ្នំពេញ បន្ទាប់មកអ្នកត្រូវតែចូលសំភាស ។ ជារឿយៗ យើងធ្វើការត្រៀមសំភាសជាមួយអតិថិជនរបស់យើង ដើម្បីអោយពួកគេមានការយល់នូវអ្វីដែលមន្ត្រីកុងស៊ុល អាចនឹងចង់ដឹងពាក់ព័ន្ធនឹងពាក្យសុំ ឬពាក់ព័ន្ធនឹងចំណុចជាក់លាក់ណាមួយនៃអ្នកដែលដាក់ពាក្យសុំ ។ រឿងផ្សេងទៀតដែលយើងធ្វើគឺផ្ដល់នូវការយល់ដឹងខ្លះៗពាក់ព័ន្ធនឹងនិតិវិធីដែលសំណុំរឿងនឹងត្រូវដំណើរការនៅស្ថានទូត ។
ជារួម ខ្ញុំគិតថាវិធីមើលទៅលើដំណើរការទូទៅនៃការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកគឺដូចនេះ៖ វាចាប់ផ្ដើមនៅក្រសួងសន្តិសុខមាតុភូមិនៃសហរដ្ឋអាមេរិក ហើយបន្តទៅមជ្ឈមណ្ឌលទិដ្ឋាការជាតិដែលខុសពីទិដ្ឋាការប្រភេទ K មជ្ឈមណ្ឌលទិដ្ឋាការជាតិ មានតួនាទីយ៉ាងសកម្មក្នុងដំណើរការនេះ ហើយបន្ទាប់មកវានឹងត្រូវបញ្ជូនទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ។ នៅពេលនោះ ការសំភាសនឹងត្រូវធ្វើឡើង ហើយឯកសារបន្ថែមផ្សេងៗអាចនឹងត្រូវស្នើសុំ ដែលអ្នកនឹងត្រូវ រកឯកសារដើម្បីដាក់ជូនទៅកុងស៊ុលមុនពេលដែល ទិដ្ឋាការអាចនឹងត្រូវសំរេចយល់ព្រមចេញអោយអ្នកនៅចុងបញ្ចប់ ។
The hiring of a lawyer is an important decision that should not be based solely on advertisement. Before you decide, ask us to send you free written information about our qualifications and experience. The information presented on this site should not be construed to be formal legal advice nor the formation of a lawyer/client relationship.